ដេ​នី ក្វាន់ ត្រូវ​ក្រសួង​ដាក់​បម្រាម​មិន​ឲ្យ​ឡើង​ទូរទស្សន៍​ពី ៣​ទៅ​៥​ឆ្នាំ​

​ភ្នំពេញ​៖ យោងតាម​ប្រភពពី​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​បាន​ទម្លាយ​ដូចៗ​គ្នា​ថា គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​ទទួលបាន​សេចក្ដីជូនដំណឹង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុង​ការបិទ​មិន​ឲ្យ​កញ្ញា ដេ​នី ក្វាន់ តារា​សម្ដែង​សិច​ស៊ី ឡើង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍​គ្រប់​កម្មវិធី​។​

 
​ការដាក់​បម្រាម​នេះ​ត្រូវបាន​គេ​ដឹងថា នាង​បាន​ផ្គើន​ទៅនឹង​ការរិះគន់​របស់​មហាជន និង​បម្រាម​របស់​មន្ត្រី​ក្រសួង រហូត​ធ្វើ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លែង​ទុក​មុខ​ឲ្យ​និង​មាន​ចំណាត់ការ​ទៅតាម​គោលការណ៍​ក្រសួង​គឺ​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ​ទូរ​ទ្សន៍​ក្នុងស្រុក​ផ្អាក​ការហៅ​តារា​ស្រី​រូបនេះ​ឡើងលើ​កម្មវិធី​នានា​របស់​ទូរទស្សន៍​។​

​​​​
កញ្ញា ដេ​នី ក្វាន់ បានបង្ហាញ​ភាព​សិច​ស៊ី​ជ្រុល​ហួស​ពីអ្វី​ដែល​ក្រសួង​អាច​ទទួលយកបាន​នាពេល​កន្លងមក ហើយ​បាន​កោះហៅ​នាង​មក​ណែនាំ​ម្ដង​រួចទៅហើយ ប៉ុន្តែ​កាលពី​ដើមខែ​នេះ​នាង​បាន​បញ្ចេញ​ភាព​សិច​ស៊ី​សាជាថ្មី​បំពាន​ទៅនឹង​ការហាម​ប្រាម​របស់​ក្រសួង​។ ឆ្លើយតប​ទៅនឹង​ការបំពាន​ចុងក្រោយ​នេះ ក្រសួង​បាន​ជូនដំណឹង​ទៅគ្រប់​ស្ថានីយ​ទូរ​ទ្សន៍​មិន​ឲ្យ​កញ្ញា ដេ​នី ក្វាន់ មាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​រយៈពេល​៣​ទៅ​៥​ឆ្នាំ​។ គេ​នៅ​មិនដឹង​ទេ​ថា តើ​ការដាក់​បម្រាម​នេះ​នឹង​បញ្ឈប់​អាជីព​សិល្បៈ​នាង​ទាំងស្រុង​ដែរ​ឬ​យ៉ាងណា​។​

​គេ​នៅ​មិនទាន់​អាចទាក់ទង​កញ្ញា ដេ​នី ក្វាន់ សុំ​ការបំភ្លឺ​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​របស់​នាង​មិនអាច​ទាក់ទង​បាន​។​

​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ តារា​សម្តែង​សិច​ស៊ី កញ្ញា​ដេ​នី​ក្វាន់​ធ្លាប់ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាមរ​យៈ​ការបង្ហាញ​រូបថត​និង​ការ​ស្លៀកពាក់​សិច​ស៊ី​ចូលរួម​ក្នុង​កម្មវិធី​នានា​រហូត​ទទួលបាន​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន​។ ក្រោយពី​ទទួលបាន​ការ​អប់​ណែនាំ​មន្ត្រី​ក្រសួង​មក​នាង​បាន​ផ្អាក​ភាព​សិច​ស៊ី​របស់​នាង​មួយ​ដង្ហើម​ខ្លី ប៉ុន្តែ​នៅ​ដើមខែ​ធ្នូ​នេះ​នាង​បាន​ទម្លាយ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​ភាព​សិច​ស៊ី​ស្ទើរ​លើស​ដើម​និង​លេចចេញ​ការរិះគន់​ជាថ្មី ទើប​ក្រសួង​បានចេញ​សេចក្តីប្រកាស​បិទ​ឲ្យ​នាង​ចូលរួម​កម្មវិធី​កម្សាន្ត​នានា​របស់​ទូរទស្សន៍​ទុក​ជាការ​ព្រមាន​ចំពោះ​សិល្បករ​ដទៃ​ផងដែរ​៕​

 

 

 

Friday 23, December 2016 19:00:00