នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសផ្តល់​រង្វាន់លើកទឹកចិត្ត ចំនួន២០លានរៀល​ ដល់ពលរដ្ឋ​ណាដែល​បាន​រាយការណ៍ ពីជនដៃដល់ ដែល​បាញ់សម្លាប់​សង្សារខ្លួននៅ​ផ្ទះសំណាក់​ «សារីធំ»

ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ចំនួន២០លានរៀល ជូនប្រជាពលរដ្ឋទាំងឡាយណា ដែលបានផ្តល់ព័ត៌មានដល់កងកម្លាំងកងរាជអាវុធហត្ថ ពីជនដៃដល់ ដែលបានបាញ់សម្លាប់នារីម្នាក់ ជាសង្សាររបស់ខ្លួននៅក្នុងផ្ទះសំណាក់ «សារីធំ» ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះមិនមែនជាមន្រ្តីអាវុធហត្ថនោះឡើយ និងបានបញ្ជាដល់កងកម្លាំងជំនាញ បើកការសើុបអង្កេតស្រាវជ្រាវ ជាបន្ទាន់លើករណីឃាតកម្មមួយនេះ។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់ភ្នាក់ងារ GRK News ដោយបញ្ជាក់យ៉ាងច្បាស់ៗថា៖
១៖ កងរាជអាវុធហត្ថជាកម្លាំងអនុវត្តន៍ ច្បាប់មានតួនាទីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្រាវជ្រាវនិងបង្ក្រាបបួល្មើស។
២៖ គ្មានហេតុផលអ្វីទៅលាក់បាំងជនល្មើសឬឧក្រិដ្ឋជននោះឡើយ ។ អាវុធហត្ថស្ទើរទាំងអស់មានឯកសារ សាលាកបត្រសំរាប់គ្រប់គ្រងផ្ទៃក្នុងខ្ញុំបញ្ជាឲ្យជំនាញ អធិការកិច្ចធ្វើការផ្ទៀងផ្ទាត់រវាងឯកសារ និងព័ត៌មានដែលទទួលបានតាមរយៈ Camara សន្តិសុខ និងសាក្សី ទន្ទឹមនិងនោះក៏បញ្ជាឲ្យ ការិយាលយ័បុគ្គលិក ធ្វើការត្រួតពិនិត្យឈ្មោះ ដែលប្រើឯកសណ្ឋានកងរាជអាវុធហត្ថកាត់ខ្លួនឯងខុសអនុក្រឹត្យកំណត់នេះ តើមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងឬអត់ និងបញ្ជាការិយាលយ័ជំនាញ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌធ្វើការស្រាវជ្រាវបង្ក្រាបករណីនេះឲ្យខាងតែបាន។ ព្រមជាមួយគ្នានោះសូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងនោះអ្នកស្រឡាញ់ និងគាំទ្រកីឡាបាល់ទាត់ ដែលរូបខ្ញុំផ្ទាល់ជាប្រធានសូមមេត្តា ចូលរួមសហការណ៍ផ្តល់ព័ត៌មាន ឲ្យកម្លាំងកងរាជអាវុធហត្ថ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីឈានទៅចាប់ជនល្មើស មកផ្តន្ទាទោសតាមច្បាប់ កងរាជអាវុធហត្ថ និងជូនរង្វាន់លើកទឹកចិត្ត ចំនួន ២០,០០០,០០០ រៀល ដល់អ្នកចូលរួមសហការណ៍ ដើម្បីបង្ក្រាបករណីមួយនេះ។
៣៖ ក្នុងអាណត្តិជាមេបញ្ជាការខ្ញុំធ្លាប់សម្រេចចិត្ត បណ្តេញចេញពីកងរាជអាវុធហត្ថចំពោះបុគ្គលិក ដែលមិនគោរពច្បាប់បំពានវិន័យ កងទព័រាប់រយនាក់ ជាពិសេស អ្នកប្រើប្រាស់ គ្រឿងញៀន កាន់និងប្រើប្រាស់អាវុធខុសច្បាប់ ការរំលោភដីធ្លី ការពាក់ព័ន្ធនិងបទល្មើសធនធានធម្មជាតិ ល។ល។ ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ដល់ ការងារអបរំហ្វឹកហ្វឺនរៀនសូត្រ។ មិនដោះសារគេចចេញពីការទទួលខុសត្រូវនោះទេ ចាប់ជនល្មើសមិនទាន់បានពិតជាការទទួលខុសត្រូវ របស់មេបញ្ជាការ កងរាជអាវុធហត្ថ។
សូមបញ្ជាក់ថា នារីម្នាក់ត្រូវបានសង្សារជាកងកម្លាំងដឹកមកដេកនៅផ្ទះសំណាក់ «សារីធំ» ជួលបន្ទប់លេខ៤០៤ ជាន់ឡៅតឿ រួចបាញ់ប្រហារបណ្តាលឲ្យធ្លាយគ្រាប់ភ្នែក ស្លាប់ភ្លាមៗតែម្តង ប៉ុន្តែមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ខណ:ជនដៃដល់រត់គេចខ្លួនបាត់។ ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើងនា ម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ស្រ្តីឈ្មោះ ឈុត ស្រីមុំ ជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ បានប្រាប់ថា មុនកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ស្លាកលេខ 4399 មកជួលបន្ទប់ខាងលើ ដើម្បីស្នាក់នៅ គឺមួយខែអ្នកទាំងពីរ មកជួលស្នាក់នៅ២ទៅ៣ដង។ តែនៅយប់កើតហេតុនេះ នៅម៉ោងខាងលើមានឮសំឡេង ផ្ទុះអាវុធមួយគ្រាប់ ស្រាប់តែឃើញជនសង្ស័យ បានចុះមកក្រោមវិញតែម្នាក់ឯង។ ភ្លាមៗនោះសន្តិសុខ ដែលយាមនៅផ្ទះសំណាក់បាននាំគ្នាឃាត់ តែជនសង្ស័យ នៅតែចេញបាន ប្រតាយប្រតប់គ្នាផងដែរ តែដោយសារជនសង្ស័យមានអាវុធខ្លី នៅនឹងចង្កេះទើបសន្តិសុខ មិនហ៊ានឃាត់តទៅទៀត ខ្លាចជននោះបាញ់ថែម ទើបជនសង្ស័យរូបនោះ មានឱកាសយកម៉ូតូជិះ ចេញពីកន្លែងកើតហេតុ រួចគេចខ្លួនបាត់ស្រមោល។
សាក្សីបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យចេញទៅបាត់ សន្តិសុខ និងស្រីជាអ្នកមើលការខុសត្រូវខាងផ្ទះសំណាក់ នាំគ្នារត់ឡើងទៅមើលបន្ទប់៤០៤ ក៏បានឃើញនារីរងគ្រោះដេកស្លាប់ នៅលើពូកបាត់ទៅហើយ ព្រោះត្រូវជនសង្ស័យបាញ់ប្រហារចំគ្រាប់ភ្នែក ខាងស្តាំធ្លាយទៅក្រោយ។
យោងតាមរូបភាពដែលបានបង្ហាញនៅក្នុង Video មុនកើតហេតុ ពេលដែលពួកគេដើរចូល និងឡើងទៅបន្ទប់ខាងលើនោះ ឃើញថា ជនដៃដល់ និងនារីរងគ្រោះហាក់ មិនត្រូវគ្នានោះឡើយ ដោយសារតែជនដៃដល់បានយកដៃទៅគៀក.ក តែត្រូវនារីរងគ្រោះ ក្រវៀសដៃចេញ។ បើតាមសាក្សី ពួកគេបានចូលទៅ ក្នុងបន្ទប់បានប្រហែល២០នាទីប៉ុណ្ណោះ រួចហើយឃើញ ជនសង្ស័យចេញមកវិញទាញម៉ូតូ ជិះស្រាប់តែដួល ហើយលើកឡើងវិញបើកចេញ ដោយមានសន្តិសុខ ផ្ទះសំណាក់ ចាប់ទាញពីក្រោយទៀតផង។
បើតាមអ្នកដែលស្គាល់នារីរងគ្រោះ បានឲ្យដឹងថា នាងមានមុខរបរជាអ្នកលក់ខោអាវ នៅផ្សារទទួលសង្កែ និងធ្លាប់មានប្តីផងដែរ តែបានស្លាប់ជាង១ឆ្នាំមកហើយ។ ដោយឡែកសម្រាប់ករណីនេះគេអាចសង្ស័យថា នារីរងគ្រោះអាចមានប្រុសថ្មី ទើបជនដៃដល់ដែលជាសង្សារបាញ់សម្លាប់តែម្តង៕

រូបភាព:

 

Sunday 11, December 2016 19:25:15