រឿងនិទានខ្មោច៖ កញ្ចក់

ភាពយន្តថ្ងៃសុក្រ ទី16 ខែធ្នូ ឆ្នាំ2016 ម៉ោង 1:38 នាទី ល្ងាច

ថ្ងៃមួយ ខ្ញុំ បងប្អូន និងម្ដាយខ្ញុំបាននាំគ្នាទៅប្រទេសថៃហើយក៏បានធ្វើដំណើរលេងឆ្នេរសមុទ្រប៉ាតាយ៉ា ពួកយើងទៅដល់នៅម៉ោង៨ព្រឹក ខ្ញុុំមានបងប្អូននៅទីនោះដែរតែដោយសារម៉ាក់គិតថាមិនចង់គេងផ្ទះបងប្អូនព្រោះនៅឆ្ងាយពីសមុទ្រពេកទើបពួកបានជួលបន្ទប់ផ្ទះសំណាក់មួយដើម្បីស្នាក់នៅ។ បន្ទប់នោះមានគ្រែពីរ គ្រែមួយក្បែរបង្អួចនិងទ្វារ ចំណែកគ្រែខ្ញុំនៅទល់មុខបន្ទប់ទឹក។ ក្រោយពីទៅដើរលេង មុជទឹកញាំុអាហារសមុទ្រ យ៉ាងសប្បាយរីករាយរួចពួកយើងក៏នាំគ្នាលាងខ្លួន មកសម្រាកនៅផ្ទះសំណាក់វិញ។ យប់នោះដោយសារអស់កម្លាំងពេក ឪពុកម្ដាយ និងប្អូនរបស់ខ្ញុំគេងលក់អស់ ចំណែកខ្ញុំនៅយប់ជាងគេ។ ម៉ោងប្រហែល១២ ជិត១ ខ្ញុំបានបិទកុំព្យូទ័រ និងបិទភ្លើង ហើយខ្ញុំមានអារម្មណ៍ថា ដូចមានមនុស្សកំពុងសម្លឹងខ្ញុំ។ គ្មានខ្យល់ វាំងននបង្អួចអត់បើក រីឯឪពុកម្ដាយ និងប្អូនគេងលក់អស់ តែយ៉ាងណាខ្ញុំធ្វើធម្មតាដូចគ្មានរឿងអ្វីកើតឡើង រួចដើរចូលបន្ទប់ទឹកលាងជូតខ្លួនបន្តិច។ ពេលលុបមុខ ហើយមើលកញ្ចក់ ស្រាប់តែឃើញស្រមោលមួយរត់កាត់ខ្នងខ្ញុំ ខ្ញុំខំញីភ្នែកមើលម្តងហើយម្តងទៀតគ្មានឃើញអ្វីខ្ញុំគិតថាប្រហែលខ្ញុំស្រវាំងភ្នែកនិងគិតពីរឿងខ្មោចច្រើនពេក ព្រោះខ្ញុំចូលចិត្តអានរឿងខ្មោចណាស់ ជាពិសេសpage Horror night-រាត្រីរន្ធត់ សំណព្វចិត្តខ្ញុំតែម្តង។ ភ្លើងចេញពីម៉ាស៊ីនត្រជាក់ បំភ្លឺគ្រប់គ្រាន់អាចមើលឃើញគ្រែរបស់ខ្ញុំ និងបន្ទប់ទឹក។ ខ្ញុំបានលួចក្រលៀសភ្នែកមើលបន្ទប់ទឹក ហើយក៏នៅតែឃើញស្រីម្នាក់នៅក្នុងកញ្ចក់។ ខ្ញុំព្យាយាមបិទភ្នែកដេក តែភ្នែកខ្ញុំនៅតែចង់មើលថាមានអ្វីកើតឡើងទៀត។ ព្រឹកឡើងខ្ញុំបន្តដំណើរកំសាន្តបន្តទៀតនៅប្រទេសថៃ អស់រយៈ៣យប់ ហើយយប់ចុងក្រោយ ជាយប់ដែលរន្ធត់លួសព្រលឹងដែលធ្វើអោយ ខំចាំមិនភ្លេច។ ដោយសារតែមិនសូវស្រួលខ្លួន ខ្ញុំបានត្រឡប់មកផ្ទះសំណាក់វិញពីរនាក់ប្អូនប្រុសពៅ ដែលម្តាយឪពុកខ្ញុំគាត់បន្តជាមួយមិត្តភក្តិរបស់គាត់នៅខាងក្រៅមិមដឹងថ្មើណាទើបត្រឡប់មកវិញនោះទេ។ ពេលនេះម៉ោង១២យប់ទៅហើយនៅមិនឃើញម៉ាក់ប៉ាខ្ញុំមកវិញទៀត ខណៈពេលដែលប្អូនប្រុសខ្ញុំដេកលក់យ៉ាងស្រួល។ ងងុយពេកខ្ញុំសម្រេចចិត្តបិទទូរទស្សន៍ដេកគិតថាប្រហែលភ្លឺហើយទើបម៉ាក់និងប៉ាត្រលប់មក។ ខ្ញុំប្រឹងសម្ងំបិទភ្នែកដេកតែដេកមិនលក់ មិនស្អីស្រាប់តែឈឺពោះភ្លាមៗដោយសារតែគ្រឿងសមុទ្រហ្នឹងហើយ ខ្ញុំឈឺពោះស្ទើរទ្រាំមិនបានពេលនោះដែរបន្ទប់ទឹកនោះខ្ញុំមិនបានបិទទ្វារនោះទេស្រាប់តែឃើញស្រមោលអ្វីម្យ៉ាង ខ្ញុំញីភ្នែកហើយបង្ហើបភួយតិចៗ ស្រាប់តែកញ្ចក់ចេះតែខ្ពស់ឡើងៗ បេះដូងខ្ញុំលោតញាប់ ឌុកឌាក់ៗ ព្រឺរោមច្រាង ឈឺនោមបន្តិច ឈឺជុះបន្តិច ទ្រាំមិនបានខ្ញុំក៏ដាច់ចិត្តចូលបន្ទប់ទឹកព្រោះចុកពោះខ្លាំងណាស់ តែពេលទៅដល់បន្ទប់ទឹកបែរជាជុះមិនចេញទៅវិញ ខ្ញុំប្រញាប់ចេញមកវិញស្រាប់តែស្រាប់តែទ្វាបិទ ខ្ញុំច្បាស់ណាស់ថាពេលចូលខ្ញុំមិនបានបិទទ្វានោះទេ ភ្លើងក៏ដាច់ភ្លឹបភ្លែតៗ សំលេងងំៗក្រោយខ្នងខ្ញុំ ពេលដែលខ្ញុំងាកមើល…… -ពុទ្ធោអើយ ស្រីម្នាក់ស្លៀករ៉ូបត្រឹមជង្គង់កំពុងឈរនៅមុខកញ្ចក់កំពុងយកដៃរុកក្បាលដែលបែកហូរឈាមស្រក់ដល់កំរាលឥដ្ឋ ខ្ញុំភ្ញាក់ព្រើត ខ្ញុំខំគោះទ្វាទាញទ្វាផងអីផង ទ្វារបើកឡើងឃើញម៉ាក់មកដល់ ម៉ាក់ខំអង្រួញខ្ញុំឯខ្ញុំគ្រវីក្បាលនិយាយមិនចេញ។ ខ្ញុំក៏បានរត់ទៅដេកជិតប្អូនប្រុសពៅខ្ញុំ ហើយគ្របភួយជិតឈឹង លែងហ៊ានមើល។ ព្រឹកឡើងទ្វារបន្ទប់ទឹកបិទ ខណៈខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាចថានឹងមានអ្នកណា មើលខ្ញុំទៀត ខ្ញុំប្រាប់ម៉ាក់ខ្ញុំពីរឿងនេះ ម៉ាក់ខ្ញុំគាត់មិនជឿហើយមុននឹងចាកចេញពីបន្ទប់នោះខ្ញុំបានថតរូបជុំវិញបន្ទប់ទុកជាពិសេសក្នុងបន្ទប់ទឹក។ ថ្ងៃឡើងពួកខ្ញុំរៀបចំត្រលប់មកភ្នំពេញវិញហើយខ្ញុំបានបើកកាមេរ៉ាមើលក្នុងបន្ទប់មិនឃើញមានអ្វីទេ តែក្នុងរូបថតបន្ទប់ទឹកមានស្រមោលខ្មោចស្រី ខ្ញុំមើលរូបភ្លាម ខ្ញុំព្រឺក្បាលខ្ញាកព្រោះកាលពីយប់មិញខ្ញុំមិនទាន់បាត់ខ្លាចផង។ ដោយសារតែចិត្តចង់ដឹងចង់លឺថាហេតុអ្វីក្នុងបន្ទប់នោះមានខ្មោច ១ខែក្រោយមកខ្ញុំទៅទីនោះម្តងទៀត…។ តើចង់ដឹងប្រវត្តិកញ្ចក់នោះទេ? សូមរងចាំភាគបន្ត


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម