ហ្សូណូ បើកហាងលក់សម្លៀកបំពាក់ នៅក្រុងបាត់ដំបង បន្ទាប់ពីអាជីពជាអ្នកសិល្បៈ!


តារាចម្រៀងស្រស់សង្ហា លោក ហ្សូណូ បានសម្រេចចិត្តបើកអាជីវកម្មថ្មីមួយជារបស់ខ្លួនឯង ដោយបើកហាងលក់សម្លៀកបំពាក់ដ៏ធំមួយកន្លែង នៅក្នុងទីក្រុងបាត់ដំបង។
កាលពីរសៀលថ្ងៃទី២ ខែតុលា ម្សិលមិញនេះ បើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ហ្សូណូ បានប្រាប់យ៉ាងច្បាស់ទៅដល់មហាជនទូទៅ ជាពិសេសអ្នកគាំទ្ររបស់លោកទាំងអស់ឱ្យបានដឹងយ៉ាងដូច្នេះថា៖ «ជំរាបសួរមិត្តទាំងឡាយ ថ្ងៃនេះជាថ្ងៃបើកសម្ភោធហាងលក់សំលៀកបំពាក់របស់ខ្ញុំបាទផ្ទាល់ដែរមានទីតាំងស្ថិតនៅជាប់ធនាគារជាតិ ផ្លូវលេខ១ ទល់មុខស្ទឹងសង្កែ ក្រុងបាត់ដំបង។ ហើយក៏មានការបញ្ចុះតំលៃពិសេសគ្រប់មុខទំនិញទាំងអស់ផងដែរ....អរគុណច្រើនសំរាប់ការគាំទ្រ។»
ហាងលក់សម្លៀកបំពាក់ថ្មីស្រឡាង ដែលគ្រប់គ្រងដោយតារាចម្រៀងរូបនេះ ត្រូវបានដាក់ឈ្មោះធំៗថា ហ្សូណូ (ZONO) ផ្ទាល់តែម្តង ព្រោះលោកបានឱ្យដឹងថា វាងាយស្រួលចំណាំ និងដើម្បីជាទីចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើននាក់ផងដែរ។
មិនតែប៉ុណ្ណោះ ក្រៅពីមានបើកហាងលក់សម្លៀកបំពាក់នៅទីក្រុងបាត់ដំបងហើយ ក៏មានសំណូមពរពីមិត្តៗអ្នកគាំទ្រទាំងឡាយឱ្យលោក ហ្សូណូ បើកនៅទីក្រុងភ្នំពេញផងដែរ កុំឱ្យនាំតែពិបាកធ្វើដំណើរទៅឆ្ងាយ រហូតដល់ទីក្រុងបាត់ដំបងឯណោះ។
ឆ្លើយតបនឹងតម្រូវការនេះសាមីខ្លួនក៏បានប្រាប់ថា លោកនឹងមានគម្រោងបើកសាខានៅភ្នំពេញទៀត ប៉ុន្តែលោកហ្សូណូ មិនបានបញ្ជាក់ ប្រាប់ឱ្យដឹងថាពេលណានៅឡើយទេ ព្រោះទើបតែសម្ពោធហាងថ្មីនៅមិនទាន់ដឹងថា កាក់កប ឬមិនកាក់កបផង។ ចុងក្រោយក៏មាន យុវវ័យៗជាច្រើននាក់ បានជូនពរឱ្យលោកហ្សូណូ រកស៊ីមានបាន សម្បូរអតិថិជនចូលទិញពេញៗហាង និងមានសំណាងល្អជានិច្ច៕
លោក ហ្សូណូ នៅក្នងថ្ងៃអុជធូបសែន បើកហាងថ្មីរបស់ខ្លួនកាលពីម្សិលមិញ

 

 

 

Friday 04, November 2016 01:54:29