ឪពុកភិន សុដាលីស បន្តបញ្ចេញវីដេអូរិះគន់ ប៉ែន ចំរ៉ុង និងតារាល្បី២រូបដែលកាន់ជើង

ភ្នំពេញ៖ បន្ថែមពីលើបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានកាលពីថ្មីនេះ លោក អ៊ិន សុភិន ដែលជាឪពុករបស់ភិន សុដាលីស បានសម្រេចទម្លាយវីដេអូខ្លីមួយដើម្បីបញ្ជាក់បន្ថែម និងបន្តរិះគន់ទៅលើលោក ប៉ែន ចំរ៉ុងដែលយកកូនស្រីលោកមកធ្វើជាល្បែង។ ក្រៅពីនេះលោកក៏ធ្វើការរិះគន់យ៉ាងចាស់ដៃទៅកាន់តារាល្បីឈ្មោះពីរនាក់យ៉ាងចាស់ដៃគ្រាដែលពួកគេចេញមុខកាន់ជើងប៉ែន ចំរ៉ុង។

ក្នុងខ្សែវីដេអូរយៈពេល៣នាទីកាលពីល្ងាចថ្ងៃទី២២ខែតុលានេះ លោកអ៊ិន សុភិន ដែលមានចៅស្រីនៅពរនឹងដៃបានលើកឡើងថា លោកស្នើឲ្យតារាសម្តែង ប៉ែន ចំរ៉ុងបញ្ចប់សកម្មភាពនានាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារលោក ព្រោះតែកន្លងមកតារាសម្តែងរូបនេះបានធ្វើបាបចិត្តកូនស្រីលោកឆ្អែងឆ្អល់ និងធ្វើឲ្យក្រុមគ្រួសារលោកឈឺចាប់ខ្លាំងរហូតដល់មានការដាក់ទម្នាយឲ្យកូនស្រីដែលនៅក្នុងពោះមិនមានអាវយវៈគ្រប់គ្រាន់ និងសតិមិនគ្រប់ជាដើម។ ក្រៅពីសារព្រមានឲ្យប៉ែន ចំរ៉ុងបញ្ចប់សកម្មភាព លោកក៏ធ្វើការផ្តាំផ្ញើទៅកាន់តារាល្បី២ដួងដែលព្យាយាមចេញមុខការពារមុខមាត់ប៉ែន ចំរ៉ុងថាជាតារាដែលខ្វះការពិចារណា ។ លោកចំអកថា តារាទាំងនោះប្រហែលជាគ្មានកូនស្រីជាមនុស្សស្រីមានម្តាយជាមនុស្សស្រីគ្មានសមាជិកគ្រួសារជាមនុស្សស្រីទេទើបមិនដឹងពីអារម្មណ៍ឈឺចាប់គ្រាដែលគេធ្វើបានកូនស្រីសប់គ្រប់បែបយ៉ាង ហើយប្រសិនបើធ្លាក់ទៅលើកូនស្រី ប្អូនស្រីម្តាយរបស់ខ្លួនគឺនឹងដឹងពីទំហំឈឺចាប់ប៉ុណ្ណា។

ទោះបីជាលោកមិនបង្ហាញពីឈ្មោះតារាល្បីទាំងពីររូបខាងលើក្តីក៏គេដឹងថាកន្លងមកតារាពហុជំនាញគឺអ្នកនាង ខាត់ សុឃីម និងពិធីការិនី ឌួង ហ្សូរីដា ធ្លាប់បានចេញមុខឈឺឆ្អាលចំពោះការរិះគន់និងទម្លាក់កំហុសទៅកាន់លោកប៉ែន ចំរ៉ុងតែម្ខាង។

Thursday 03, November 2016 15:55:23