ទៅ​លេង​ប៉ៃលិន ​កុំ​ភ្លេច​៥​កន្លែង​នេះ ​ធានា​ថា​រីករាយ​​​បាត់​ទុក្ខ​កង្វល់​

ប៉ៃលិន ជាខេត្តមួយស្ថិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រំដែនជាប់ប្រទេសថៃ។ ពលរដ្ឋនៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើនប្រភេទដូចជា ស្វាយ ចេក សាវម៉ាវ ធូរេន តាង៉ែន ពោត និងដំឡូងជាដើម។ ក្រៅរបរនេះ ប្រជាជនក្នុងតំបន់មួយចំនួនក៏ប្រកបរបររកត្បូងផងដែរ។

ដោយសារតែវាមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ និងមិនសូវជាល្បីខាងតំបន់កម្សាន្តផងនោះ ទើបបានជាប្រជាជនទូទៅមិនសូវទៅលេងនៅខេត្តប៉ៃលិនឡើយ។ យ៉ាងណាមិញ ក្រោយពីក្រុមការងារ ផ្លូវទៅស្រុក បានទៅដល់ហើយ ក៏ស្រាប់តែឃើញក្នុងខេត្តមួយនេះ មានកន្លែងដើរលេងច្រើនណាស់ដែរ ដោយធានាថាពេលទៅដល់ហើយនឹងស្ងើចសរសើរមិនខាន៖

១. យាយយ៉ាត
អ្នកធ្វើដំណើរស្ទើរគ្រប់គ្នា ដែលបានឆ្លងកាត់ខេត្តប៉ៃលិន រមែងសំចតនៅភ្នំយ៉ាត ដើម្បីចុះទៅបួងសួងរូបសំណាកយាយ យ៉ាត ដូចអ្នកដំណើរទៅខេត្តព្រះសីហនុ ឬ ខេត្តកោះកុង តែងឈប់យានជំនិះ ហើយទៅបួងសួង លោកយាយ ម៉ៅ នៅភ្នំពេជ្រនិល ដូច្នេះដែរ។ នៅលើភ្នំនេះ គេតែងតែចូលទៅបួងសួង ខ្លះសុំរកស៊ីមានបាន ខ្លះសុំកូន ខ្លះសុំលក់ដី ធ្លីជាដើម ហើយតែងតែសម្រេចដូចក្ដីប្រាថ្នា។

២. កន្លែងលក់ត្បូងនៅពេលធ្វើដំណើរមកដល់ភ្នំយ៉ាតហើយ ហួសតែបន្តិចប៉ុណ្ណោះ អ្នកទាំងអស់គ្នានឹងបានឃើញកន្លែងលក់ត្បូងជាច្រើន ដែលមួយកន្លែងៗសុទ្ធតែមានត្បូងគ្រប់ប្រភេទ អាចឱ្យប្រិយមិត្តរើសបានតាមតម្រូវការ។ ដោយត្បូងទាំងនេះ សុទ្ធតែធ្វើឡើងដោយដៃកូនខ្មែរសុទ្ធសាធ។

៣. ភ្នំខៀវ
ទឹកជ្រោះភ្នំខៀវ ជារមណីយដ្ឋានមួយបែបធម្មជាតិ ដែលស្ថិតនៅលើភ្នំខៀវផ្ទាល់តែម្ដង។ អ្នកទៅលេងនៅប៉ៃលិនភាគច្រើនមិនដែលរំលងទឹកជ្រោះនេះឡើយ ព្រោះវាមានទេសភាពស្អាត និងមានដល់ទៅ៧ជាន់ឯណោះ។ អ្វីដែលកាន់តែល្អសម្រាប់ភ្ញៀវទេសចរនោះ គឺអ្នកដំណើរទាំងអស់អាចបើកឡានឡើងដល់កន្លែងទឹកធ្លាក់តែម្ដង ដែលនេះជាការងាយស្រួលមួយសម្រាប់អ្នករាល់គ្នា ស្របពេលនៅលើនោះ មានកន្លែងលក់របស់របរញ៉ាំមិនខ្វះនោះទេ។

៤. ទឹកធ្លាក់៣២ជាន់
ភ្នំក្បាលដំរី មានទឹកធ្លាក់៣២ជាន់ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលល្វា ស្រុកប៉ៃលិន ខេត្តប៉ៃលិន ដែលមានសម្រស់ស្រស់ផូរផង់លាក់កំបាំងខ្លួនកណ្ដាលព្រៃ ប្រៀបដូចត្បូងមិនទាន់ច្នៃ។ ប្រិយមិត្តដែលចង់ទៅលេងកន្លែងនេះ ត្រូវស្វែងរកអ្នកនាំផ្លូវម្នាក់ ទើបអាចងាយស្រួលធ្វើដំណើរឡើង។ ទឹកធ្លាក់នេះ មានទេសភាពតាមដងផ្លូវស្អាតមែនទែន ដែលកម្រនឹងបានឃើញ ខណៈអ្នកចូលចិត្តដើរកម្សាន្តមើលព្រៃព្រឹក្សាពិតជាលាន់មាត់ថា Wow ជាមិនខាន។

៥. ចម្ការផ្លែឈើប៉ៃលិនជាខេត្តសំបូរផ្លែឈើមិនចាញ់ខេត្តនានានោះទេ ជាពិសេសគឺដំណាំហូបផ្លែតែម្ដង។ តាង៉ែន ឬមៀនប៉ៃលិន គឺជាដំណាំនាំមុខគេ ដោយប្រិយមិត្តទៅដល់កន្លែងណាក៏ឃើញដើមតាង៉ែននេះដែរ។ ប្រសិនបើអ្នកទាំងអស់គ្នា បានទៅដល់នៅខែដែលប្រមូលផល នោះពិតជាបានឃើញទេសភាពមួយយ៉ាងអស្ចារ្យបំផុត។



Friday 04, November 2016 03:25:31