រម្មណីយដ្ឋាន ស្ពាន​ត្នោត​ទេ

ស្ពានត្នោតទេ ស្ថិតនៅភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ ថ្វីត្បិតទីនេះមិនមែនជារមណីយដ្ឋានទេសចរណ៍ដែលបានចុះបញ្ជីផ្លូវការក៏ដោយ ប៉ុន្តែអោយតែដល់រដូវវស្សាមានភ្លៀងធ្លាក់ច្រើនហូរកាត់ក្រោមស្ពាន ធ្វើអោយទីនេះក្លាយជាទីលំហែមួយដ៏ពេញនិយម ជាពិសេសនៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនិងបុណ្យអុំទូកមានភ្ញៀវជិតឆ្ងាយមកកម្សាន្តក្នុង ១ថ្ងៃៗ រហូតដល់រាប់ពាន់នាក់ឯណោះ។ស្ពានដ៏សំខាន់នេះចែកបឹងជាពីរផ្នែក។ ផ្នែកខាងលើមានប្រភពទឹកមកពីស្ទឹងស្វាយព្រៃ ផ្លូវជាតិលេខ២ និងផ្នែកខាងក្រោមជាប់នឹងទន្លេ។វាមានចម្ងាយប្រមាណ ១០គីឡូរម៉ែត្រ ពីខេត្តតាកែវបើធ្វើដំណើរតាមផ្លូវកាត់ពីសកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ឆ្ពោះទៅទិសខាងជើងកាត់តាមទំនប់សៃវៀន រួចបត់ស្តាំតាមទំនប់មួយទៀតប្រមាណ ១គីឡូម៉ែត្រភ្ជាប់ទៅខាងលើ។

ផ្ទុយទៅវិញភ្ញៀវខ្លះអាចធ្វើដំណើរតាមផ្លូវជាតិលេខ២ ខាងត្បូងផ្សារស្វាយព្រៃចុះត្រង់មកទិសខាងកើតប្រហែល៤គីឡូម៉ែត្រ។ ទោះបីមានទឹកហូរតិចៗតែភ្ញៀវដែលមកឈរកម្សាន្តលើស្ពានស្រូបខ្យល់បរិសុទ្ធចាប់អារម្មណ៍ខ្លាំងជាមួយសំឡេងទឹកហូរកាត់ក្រោមស្ពានធ្លាក់ចូលចន្លោះផ្ទាំងថ្មរតូចធំតម្រៀបគ្នាចុះទៅបឹងផ្នែកខាងក្រោម។

សំឡេងទឹកហូរលាន់ឭរងំប្រៀបបាននឹងតន្ត្រីធម្មជាតិប្រគុំបំពេអារម្មណ៏ទាំងភ្ញៀវនៅលើស្ពាននិងខ្លះទៀតចុះងូតទឹកលេងយ៉ាងសប្បាយ ធ្វើអោយភ្លេចអស់នូវទុក្ខកង្វល់ទាំងពួង។មិនតែប៉ុណ្ណោះភ្ញៀវខ្លះទៀតទទួលអារម្មណ៏ស្រស់ស្រាយនឹងការជិះអូប័រកម្សាន្តលើផ្ទៃជលសារដើម្បីគយគន់សម្រស់ទេសភាពនានាពេលព្រះអាទិត្យហៀបអស្ដង្គត។ ទោះបីយ៉ាងណា ការជួបជុំដ៏ច្រើននេះមានត្រឹមអំឡុងបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកប៉ុណ្ណោះ ក្រៅពីនោះមានភ្ញៀវខ្លះមកលម្ហែនៅថ្ងៃសៅ អាទិត្យ ដែរ តែភាគច្រើនជាយុវវ័យ។

គួររំលឹកថាស្ពានដ៏ចំណាស់នេះត្រូវបានកសាងឡើងតាំងពីជំនាន់ប៉ុលពតមកម្លេះ ប៉ុន្តែត្រូវបានជួសជុលស្តារឡើងវិញក្រោយឆ្នាំ១៩៩៣។ ក្រៅពីជាទីលំហែកាយនារដូវភ្ជុំបិណ្ឌ ស្ពានខាងលើនេះជាផ្លូវភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងផ្តល់នូវធនធានមច្ឆាជាតិដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងតំបន់នេះផងដែរ។

Friday 04, November 2016 03:23:40