ប៉ែន ចំរ៉ុង ចិត្តសឿងទៅមើលកូនតែត្រូវ ដាលីស មិនឲ្យជួប

ភ្នំពេញៈ មិនខុសពីការទម្លាយចេញថា លោកប៉ែន ចំរ៉ុង ពិតជាមានទឹកចិត្តអាណិតកូនស្រី និងចង់ឃើញមុខកូនស្រីដោយផ្ទាល់ ប្រភពផ្លូវការបានអះអាងថា តារាប្រុសរូបនេះ ពិតជាមានចិត្តសឿង ស្កាត់ទៅមើលមុខកូនស្រីនៅពេល ភិន សុដាលីស សម្រាកនៅពេទ្យប្រាកដមែន តែត្រូវតែម្ដាយរបស់ក្មេងប្រកាសមិនឲ្យចូល។ នេះជាដំណឹងភ្ញាក់ផ្អើលមួយ ដែលមានន័យថាលោកប៉ែន ចំរ៉ុង ពិតជាមានចិត្តជាកូនប្រុសមិនខ្លាចការប្រឈមមុខដើម្បីកូនស្រី ហើយក៏បង្ហាញថា ភិន សុដាលីស ពិតជាមានចិត្តដាច់ បើទោះជានាងនៅក្មេង។
ប្រភពដែលបានទម្លាយចេញបានអះអាងថា ក្រោយពីកូនស្រីរបស់ភិន សុដាលីស សម្រាលដោយវះកាត់ នៅយប់ថ្ងៃទី៧ តុលា លោកប៉ែន ចំរ៉ុង បានមកដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅម្ដុំទឹកថ្លាសុំជួបមុខកូនស្រី។ លោកត្រូវបានអមដំណើរដោយមិត្តភក្តិ និងអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍PNN មួយរូប ប៉ុន្តែក្នុងពេលទៅដល់ គឺមិនមានការអនុញ្ញាតិឲ្យចូលនោះទេ។ ក្រុមគ្រូពេទ្យ និងបុគ្គលិកបានសម្រេចហាម ប៉ែន ចំរ៉ុង តាមសំណើររបស់ភិន សុដាលីស ដោយអនុញ្ញាតិឲ្យតែអ្នកដែលមកជាមួយលោកបានចូលប៉ុណ្ណោះ។ លោកត្រូវស្ថិតនៅក្រៅបន្ទប់ ដោយសូម្បីតែអើតមើលមុខកូនតាមកញ្ចក់ក៏មិនហ៊ាននោះដែរ បន្ទាប់ពីបុគ្គលិកពេទ្យបានចូលទៅសួរដាលីស ហើយត្រូវដាលីសប្រាប់ថាមិនឲ្យចូលដាច់ខាត។ អ្នកដែលបានដឹងឮពីរឿងមួយនេះ បានសម្ដែងការអាណិតចំពោះលោកប៉ែន ចំរ៉ុង ដែលខំកាត់ខ្មាស់ដោយសារតែចង់បង្ហាញតួនាទីជាឪពុក។
ប្រភពជាច្រើនបានអះអាងថា ភិន សុដាលីស បើទោះជាមានការអង្វរកច្រើនលើកពីក្រុមការងារនៅPNN និងចូលសួរសុខទុក្ខផ្សេងទៀត ក៏នៅតែឆ្លើយប្រាប់ថាមិនឲ្យចូល។
លោកអ៊ិន សុភិន បានសម្ដែងការភ្ញាក់ផ្អើលនៅពេលសួរថា«ហេតុអ្វី ភិន សុដាលីស មិនអនុញ្ញាតិឲ្យលោកប៉ែន ចំរ៉ុង បានជួបមុខកូនតាមសាលក្រមតុលាការដែលផ្ដល់ឲ្យលោកមានសិទ្ធិ? » លោកបានបញ្ជាក់យ៉ាងខ្លីថា«សម្រាប់ខ្ញុំ ខ្ញុំអត់ចង់និយាយពីឈ្មោះម្នាក់ហ្នឹងទេ ប៉ុន្តែបើជ្រុលជាដឹងអញ្ចឹងទៅហើយ ខ្ញុំយល់ថារឿងដាលីសអត់ឲ្យចូលពេលនេះ គឺប្រហែលមកពីឆ្អែតចិត្តនឹងសម្ដីថាកូនដាលីសមិនច្បាស់ជាឈាមរបស់ខ្លួនហ្នឹងហើយ ព្រោះរឿងនេះខ្ញុំឃើញកូនខ្ញុំនៅតែមានអារម្មណ៍ឈឺចាប់!»។ លោកថា« សម្ដីរបស់លោកប៉ែន ចំរ៉ុង នៅមុខតុលាការ បានធ្វើឲ្យដក់ជាប់អារម្មណ៍របស់កូនស្រី ហើយទំនងជាហេតុផលនោះ ដែលនាងមិនចង់ជួបប៉ែន ចំរ៉ុង និងមិនឲ្យលោកបានជួបឃើញមុខកូន នៅពេលលោកប៉ែន ចំរ៉ុង កាត់ខ្មាស់ទៅសុំជួបដល់ពេទ្យ»។ យ៉ាងណាមិញ លោកថា« ភិន សុដាលីស និងក្រុមគ្រួសារនៅតែដាក់ក្នុងសំបុត្រកំណើតថា ឪពុករបស់ក្មេងគឺជាលោក ប៉ែន ចំរ៉ុង ដដែលទេ គឺអត់ បំបិទឈ្មោះឡើយ»៕

Monday 31, October 2016 23:17:46