ផលិត​ករ​វ័យ​ក្មេង​ លោក​ ចាន់​ណា​ រ៉ូ​ណាន់​ ធ្វើឲ្យកក្រើក​ភាព​យន្តខ្មែ​រឡើង​វីញ​តាម​រយៈ​រឿង​”កំណត់​ហេតុ​នាង​នាថ​ "រហូត​ទទួល​បាន​ពាន​រង្វាន់​ជា​ខ្សែរ​ភាព​យន្តមាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ប្រចាំ​​ឆ្នាំ​ ២០១៦​

 

ភ្នំពេញ៖ ថ្លែងក្នុងព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies Of The Year 2016) ដែលរៀបចំឡើងដោយរោងភាពយន្តលេជេនផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន់ ដែលធ្វើឲ្យកក្រើកភាពយន្តខ្មែរតាមរយៈការផលិតរឿង”កំណត់ហេតុនាងនាថ” បានបញ្ជាក់ថាលោកពិតជាមានមោទនភាពគ្រាដែលទទួលបានការគាំទ្រច្រើនលើសលប់មិននឹកស្មានដល់ពីទស្សនិកជន។ ក្រៅពីចំណុចខ្លាំង ភាពយន្តខ្មែរក៏នៅមានចំណុចខ្វះខាតមួយចំនួនទៀតដើម្បីបន្តការសិក្សា និងកែលម្អដើម្បីឈានទៅរកវាយលុកទីផ្សារទាំងក្នុងនិងក្រៅស្រុក ហើយលោករំពឹងថាភាពយន្តខ្មែរនឹងកាន់តែរីកចម្រើនខ្លាំងទៀតសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ។

​​​

លោកក៏រំពឹងដែរថាព្រឹត្តិការណ៍ដូចគ្នានេះនឹងបន្តកើតមានឡើងសម្រាប់ឆ្នាំក្រោយផងដែរ។ក្នុងព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies Of The Year 2016) ដែលរៀបចំឡើងដោយរោងភាពយន្តលេជេនក៏មានតារាសម្តែងប្រុសស្រីល្បីឈ្មោះ និងផលិតករឆ្នើមជាច្រើនរូបបានបង្ហាញវត្តមានផងដែរ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ខែធ្នុឆ្នាំ២០១៦នៅក្នុងបរិវេណផ្សារទំនើបTK Avenue។


ព្រឹត្តិការណ៍ខាងលើបាបបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកចូលរួមព្រោះតែវាប្រមូលផ្តុំដោយតារាសម្តែង និងផលិតករមានឈ្មោះល្បីក្នុងវិស័យភាពយន្តខ្មែរ។ ក្រៅពីផលិតករ និងតារាសម្តែង ក៏មានវត្តមានក្រុមរាំ និងតារាចម្រៀងល្បីឈ្មោះជាច្រើនចូលរួមបង្កើតឲ្យមានទស្សនីយភាពរីករាយសម្រាប់អ្នកចូលរួម។
អ្នកស្រី គីវ ឆវ៉េត នាយកប្រតិបត្តិប្រចាំរោងភាពយន្តលេជេន បានមានប្រសាសន៍ថា គុណភាពភាពយន្តខ្មែរមានការរីកចម្រើនគួរកត់សម្គាល់ ហើយនៅតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនក្នុងស្រុក។ លោកស្រីបញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦នេះគឺជាការបង្ហាញឆន្ទៈក្នុងការចូលរួមលើកទឹកចិត្តដល់សិល្បករផលិតករ និងគាំទ្រវិស័យភាពយន្តនៅកម្ពុជា។ លោកស្រីរំពឹងដែរថាព្រឹត្តិការណ៍ដូចគ្នានេះនឹងត្រូវរៀបចំធ្វើឡើងបន្តទៀតសម្រាប់ឆ្នាំក្រោយៗទៀតផងដែរ។

លោក ប៉ុល វិបូ ចាងហ្វាងផលិតកម្ម Angkor Picture បានបញ្ជាក់ កម្មវិធីភាពយន្តប្រចាំឆ្នាំ២០១៦ដែលបង្កើតឡើងដោយរោងភាពយន្តលេជេននៅពេលនេះក៏បានចូលរួមចំណែក និងបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់ភាពយន្តខ្មែរ ដែលឆ្លងកាត់ការបោះឆ្នោតកន្លងមកភាពយន្តខ្មែរក៏ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនច្រើនរហូតទទួលបានពានរង្វាន់ជាភាពយន្តឆ្នើមប្រចាំឆ្នាំដែលមានទាំងប្រជាប្រិយភាព និងអាចបានប្រាក់ចំណូលខ្ពស់ប្រចាំឆ្នាំជាដើម។


ក្រៅពីព្រឹត្តិការណ៍នៃការច្រៀង រាំ និងបង្ហាញផ្ទាំងទស្សនីយភាពរបស់បណ្តាផលិតកម្មល្បីឈ្មោះនោះក៏មានកម្មវិធីប្រគល់ជូនដល់សិល្បករផលិតករ នូវបណ្ណសរសើរ សម្រាប់លើកទឹកចិត្តដល់ពួកគេក្នុងការរួចចំណែកឲ្យភាពយន្តខ្មែរទទួលបានប្រជាប្រិយភាព និងការរីកចម្រើនកម្លងមក៕

 

Thursday 29, December 2016 13:05:34